របត់ជីវិត ហេតុអ្វីខ្ញុំហៅបែបនេះ? ព្រោះជិវិតមនុស្សក៏មិនខុសពីខ្សែទឹកដែរ គឺតែងតែមានរបត់ជាច្រើនហូហែរនៅតាមលំហូររបស់វា ដែលធ្វើអោយជីវិតយើងមានការកែប្រែ។ ឧទាហរណ៏ នៅពេលដែលយើងចាប់ផ្តើចូលរៀនថ្នាក់វិទ្យាល័យ បើយើងសង្កេតឃើញថាជីវិតរបស់យើងគឺមានការផ្លាស់ប្តូរ។ នោះហើយជារបត់ជីវិត។ ប្រកាសនេះ គ្នាអ្វីសំខាន់ទេ គឺគ្រាន់តែខ្ញុំនឹកឃើញបំលាស់ប្តូរនៃជីវិតរបស់ខ្ញុំ ហើយក៏ចង់យកមកសរសេរលេងៗទៅ គ្រាន់ចែកគ្នាអាន (សំរាប់អ្នកចង់អាន) ជួនពេលដែលភូមិវើដប្រេស ដូចជារាងស្ងាត់ជ្រងំយ៉ាងនេះ។
កាលពីរៀនថ្នាក់ទី១ ខ្ញុំចាំបានថា ខ្ញុំជាសិស្សពូកែម្នាក់ក្នុងថ្នាក់ ខ្ញុំចេះអានអក្សរតាំងពីពេលណឹងមក។ រ៉ាល់លើកដែលគ្រូលើកសៀវភៅហើយសួរថា រូបនេះរូបអ្វី ខ្ញុំឆ្លើយមិនអោយខុសទេ ព្រោះខ្ញុំចេះអានអក្សរដែលសរសេរខាងក្រោមរូបនោះ។ តែអ្វីៗមិនទៀងទាត់ ចាប់ពីថ្នាក់ទី២ឡើងទៅ ខ្ញុំហាក់ដូចជារៀនមិនពូកែសោះ ភាពឆ្លាតវៃរបស់ខ្ញុំត្រូវថបថយ និងជំនួសមកវិញនូវការមិនយកចិត្តទុកដាក់រៀនសូត្រ។ ដល់ថ្នាក់ទីប្រាំ មានពេលខ្លះ ខ្ញុំយំក្នុងថ្នាក់ព្រោះតែធ្វើចំណោតមិនចេញ គឹងងិតឈឹងតែម្តងក្នុងខួរក្បាលរបស់ខ្ញុំ។ តែទោះយ៉ាងណា ខ្ញុំ អាចបន្តរការសិក្សាររហូតដែរ។ ដឹងទេ! ពាក្យមួយម៉ាត់ដែលធ្វើអោយកាគិតរបស់ខ្ញុំផ្លាស់ប្តូរ គឺពាក្យ “មូលវិចារណ៏”។ ខ្ញុំមិនដែលសរសេរពាក្យនេះត្រូវម្តងណាទេ។ រ៉ាល់ដងខ្ញុំសរសេរថា “មូលវិចារ្យ”។ រហូតមកដល់ថ្ងៃមួយដែលគ្រូភាសារខ្មែររបស់ខ្ញុំ ធ្វើពហិកាមិនកែរក្រដាស់ប្រលងរបស់ខ្ញុំ ព្រោះតែខ្ញុំសរសេរពាក្យនេះខុស។ គាត់ថាខ្ញុំណឹងប្រមាថគាត់ថាជាអាចារ្យខ្មោច។ “ស៊ួស្រក់ឈាមមិនស្រក់ទឹកភ្នែក ស៊ួស្លាប់មិនអង្វរ”។ គាត់បានប្រកាស់ប្រាប់ថា អោយខ្ញុំសុំទោសគាត់ តែខ្ញុំមិនធ្វើ ទន្ទឹមពេលដែលសិស្សម្នាក់ទៀតសុំទោសគាត់ ហើយគេបានពិន្ទុមកវិញ។ បញ្ជាក់ថា ពេលនោះខ្ញុំបានពិន្ទុ 30 លើ 100 ហើយនេះក៏ដោយសារគាត់ជ្រុលកែរបាន១សំនួហើយ គាត់អោយប៉ុណ្ណឹងចុះ។ ប្រហែលជាមកពីខ្ញុំក្បាលរឹង រឺក៏ពាក្យសុំទោសនោះ ខ្ញុំនិយាយមិនចេញ? តែពិន្ទុវាមិនសំខាន់អ្វីសំរាប់ខ្ញុំទេ។ ថ្ងៃនោះខ្ញុំយំក្នុងថ្នាក់ ក៏ប្រហែលដូចកាលពីខ្ញុំរៀនថ្នាក់ទី៥ ខ្ញុំយំព្រោះធ្វើលំហាត់មិនចេញ តែពេលនេះខ្ញុំយំដោយហេតុផលផ្សេង។ ប៉ុន្តែថ្ងៃនោះ វាបានធ្វើអោយរបត់ជីវិតខ្ញុំប្រែប្រួល ដោយសារការគិតរបស់ខ្ញុំប្រែប្រួល។ កាលពីមុន ខ្ញុំចូលចិត្តរៀនភាសារខ្មែរណាស់។ ថ្វីបើខ្ញុំមិនពូកែ តែខ្ញុំអាចធ្វើបាន។ ខ្ញុំចាំថា មានពេលមួយនោះ នៅ ថ្នាក់ទី៨ ពួកខ្ញុំមានលំហាត់មួយដោយតំរូវអោយតែងកំណាព្យជាក្រុម។ ជិះកង់ពីផ្ទះខ្ញុំទៅផ្ទះមិត្តភក្តិខ្ញុំប្រមាណ ១០នាទី កំណាព្យមានពេញខួក្បាលខ្ញុំទៅហើយ។ ហើយមុខវិជ្ជាដែលខ្ញុំចង់រៀនបន្តរនោះគឺ រៀនខាងច្បាប់ និង អក្សរសាស្ត្រ។ តែកាគិតមួយនេះត្រូវបានរលាយនៅថ្ងៃនេះឯង ថ្ងៃដែលខ្ញុំយំក្នុងថ្នាក់លើកចុងក្រោយ ថ្ងៃដែលខ្ញុំគិតអណ្តែតអណ្តូង អារម្មណ៏ចេញពីក្នុងថ្នាក់រៀនភាសារខ្មែរ។ គ្រូភាសារខ្មែរខ្ញុំបានធ្វើអោយខ្ញុំមិនស្រាលាញ់មុខវិទ្យានេះទៀតទេ។ ខ្ញុំកែប្រែ ខ្ញុំចាប់ផ្តើមទៅរៀនគួរគណិត កាន់សៀវភៅរូបវិទ្យា។ ចាប់តាំងពីខ្ញុំចាប់កាន់សៀវភៅទាំងអស់នេះ ចាប់តាំងពីពិន្ទុមុខវិជ្ជានេះ បានរីកចំរើន ខ្ញុំក៏ចាប់កាន់វិញ្ញាសារត្រៀមប្រលងចូលតិចណូ។ ចាប់ពីពេលនោះមក គ្មានទៀតឡើង គំនិតរៀនសាលាច្បាប់ គ្មានទៀតឡើយ ចូលរៀនផ្នែកអក្សរសាស្ត្រ។ ដូចបំណង ខ្ញុំបានប្រលងជាប់តិចណូកំរិតសញ្ញាប័ត្រជាន់ខ្ពស់។
សរសេរបៀបនេះ មិនមែនខ្ញុំមានការសោកស្តាយពីជំរើសរបស់ខ្ញុំទេ តែផ្ទុយទៅវិញ ខ្ញុំពេញចិត្តនឹងផ្លូវដែលខ្ញុំកំពុងដើរនេះណាស់។ ហើយក៏មិនមែនខ្ញុំនឹកឃើញខឹងសំបារនឹងគ្រូភាសារខ្មែរខ្ញុំដែរ តែនេះគ្រាន់តែជាការចងចាំដែលមិនអាចបំភ្លេចបានមួយក្នុងជីវិតតែប៉ុណ្ណោះ។



