មិនមែនជារឿងប្លែកទេសំរាប់ជនជាតិផ្សេងៗជាពិសេសជនជាតិនៃប្រទេសជិតខាងយើងដូចជា វៀតណាម ថៃ ជាដើម នៅពេលដែលគេឃើញផលិតផលរបស់ប្រទេសគេត្រូវបានដាក់លក់នៅឯក្រៅប្រទេស។ តែសំរាប់ខ្ញុំ គ្រាន់តែឃើញផលិតផលរបស់ប្រទេសខ្លួនដាក់លក់នៅក្នុងផ្សារមួយរបស់ប្រទេសបារាំង ខ្ញុំក៏មានអារម្មណ៏សប្បាយចិត្តអំពីអ្វីម្យ៉ាង។
ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ ថាមាតុប្រទេសយើងគឹជាប្រទេសមួយដែលមានសមត្ថភាពផលិតអង្ករល្អ មានខ្លិនប្រហើរ ទន់ឆ្ងាញ់ ល្បីដល់ឯនាយសមុទ្រ។ តែអ្វីដែលប្លែកនោះ រយៈពេលជាងពីរឆ្នាំដែលខ្ញុំរស់នៅស្រុកគេនេះ ខ្ញុំមិនដែលឃើញមានផលិតផលខ្មែរណាមួយដាក់លក់ទេ ទាំងនៅផ្សារចិន(ផ្សារដែលលក់ផលិតផលអាស៊ី) ទាំងនៅផ្សារបារាំង។ នេះក៏ប្រហែលជានៅស្រុកដែលខ្ញុំកំពុងតែរស់នៅនេះ ជាស្រុកតូចមួយ ហើយមិនមានផលិតផលអាស៊ីសំបូរបែបដូចនៅឯប៉ារីស ឫក៏នៅឯក្រុងធំៗមួយចំនួនទៀតក៏ថាបាន។ តែផ្ទុយទៅវិញ ខ្ញុំឃើញមានផលិតផលផ្សេង ទាំងធម្មជាតិត ទាំងកែឆ្នៃជាច្រើន ដែលនាំចូលពីប្រទេសថៃ វៀតណាម ជាដើម។ សូម្បីតែប្រហុកខ្មែរ ក៏ផលិតនៅប្រទេសវៀតណាមដែរ ដោយគ្រាន់តែដាក់ថាប្រហុកខ្មែរ តែផលិតនៅវៀតណាម។ កាលពីខ្ញុំទៅប៉ារីសប៉ុន្មានខែមុន ខ្ញុំឃើញផ្ទះមិត្តភក្តរបស់ខ្ញុំគេមានអង្ករមួយការ៉ុង ដែលដាក់ឈ្មោះថាអង្ករនាំចូលមកពីស្រុកខ្មែរយើង។ តែគួរអោយស្តាយ អង្ករនោះមិនឆ្ងាញ់ទេ ហើយមិត្តខ្ញុំ ក៏ស្តាយដែរ ដែលទិញអង្ករនោះ។
ល្ងាចមិញនេះ ខ្ញុំបានទៅផ្សារបារាំងមួយឈ្មោះ Champion។ ផ្សារនេះគេយកផលិតផលមួយចំនួនធំពីផ្សារធំមួយទៀតមកលក់គឺឈ្មោះ Carrefour។ ពេលដែលទិញរបស់ផ្សេងៗរួចហើយ ខ្ញុំក៏ដើរទៅរកទិញអង្ករថៃមួយកញ្ចប់ ព្រោះចង់ធ្វើបបរគ្រឿង។ ទៅដល់កន្លែងដាក់អង្ករ ខ្ញុំកំពុងតែពិនិត្យរកអង្ករថៃ ខ្ញុំក៏ប្រទះភ្នែកនឹងរូបអង្គរវត្ត ភ្លាមនោះ ខ្ញុំក៏ចាប់អារម្មណ៏អានអក្សរនៅលើសំបកកញ្ចប់ភ្លាម គឺអង្ករខ្មែរពិតៗ ខ្ញុំមិនច្រលំទេ។ ខ្ញុំក៏បែរជាសប្បាយចិត្ត ឈរញញឹមម្នាក់ឯងមួយសន្ទុះ រួចក៏យកអង្ករពីរកញ្ចប់មកដាក់ក្នុងរទេះអូសភ្លាម។
អង្ករមួយកញ្ចប់ទំងន់ ៥០០ ក្រាមតំលៃ ១អឺរ៉ូ៣០សេន។ គិតទៅគឺប្រហែលជា ១ដុល្លា៦០សេន។ បើប្រៀបធៀបនឹងតំលៃអង្ករប្រភេទល្អមួយរបស់នាំចូលពីប្រទេសថៃដែលខ្ញុំធ្លាប់ទិញនៅផ្សារចិន គឺថោកជាងរបស់គេបន្តិច។ បើខ្ញុំចែកទៅ អង្ករគេតំលៃ ១អឺរ៉ូ៥០សេន។ នេះក៏ប្រហែលជាមកពីផ្សារចិនតំបន់ខ្ញុំលក់របស់ថ្លៃក៏ថាបានដែរ។
សំបកកញ្ចប់មានការចនាបានយ៉ាងស្អាត ខ្ញុំចូលចិត្តទាំងពណ៌ទាំងរូបភាពដែលគេរចនា។ នៅពីមុខខាងលើ មានសរសេរអក្សរថា អង្ករខ្មែរ ដោយបញ្ជាក់បន្ថែមថា មានក្លិនក្រអូបបែបធម្មជាតិ។ នៅចំហៀងកញ្ចប់គេមានដាក់ផែនទីតំបន់មួយដោយគូរង្វង់បញ្ចាក់ទីតាំងប្រទេសខ្មែរ ដោយមានសរសេរអត្ថបទខ្លីមួយនៅខាងក្រោមផែនទីថា Carrefour (ឈ្មោះរបស់ផ្សារ) បានជ្រើសរើសអង្ករដែលមានគុណភាពល្អលើសគេ ផលិតនៅខេត្តបាត់តំបង ដែលស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជា។ អង្ករមានខ្លិនក្រអូបបរិសុទ្ធបែបធម្មជាតិ ដែលធ្វើអោយអាហាររបស់អ្នកាត់តែអស្ចារ្យថែមទៀត។
ខ្ញុំបានសាកល្បងរូចហើយ អង្ករនេះឆ្ងាញ់ ប្រហើរ សាកសមនឹងភាពល្បីល្បាយរបស់អង្ករខ្មែរ។ តែខ្ញុំថានៅស្រុកខ្មែរ នៅមានអង្ករដែលល្អជាងនេះ សំរាប់នាំចេញ។ ហើយខ្ញុំសង្ឃឹមថា អង្ករខ្មែរនឹងអាចនាំចេញបានច្រើនជាងនេះ ដើម្បីបង្កើនការងារក្នុងស្រុក។






