RSS

បណ្ណសារ ប្រចាំខែ៖ ខែ​ឧសភា 2011

ទី​បំផុត​ចេញ​រូប​រាង​មក​ខ្លះៗ​ហើយ

ខាង​ក្រោម​នេះ ជា​រូប​ភាព​របស់​កម្ម​វិធី​​របស់​ខ្ញុំ​មួយ​ តែ​មិន​មាន​លក្ខណៈ​ផ្លូវ​ការ សម្រាប់​លក់​ដូរ​អី​ទេ តែ​គ្រាន់​តែ​ប្រើ​សម្រាប់​ជា​ការ​បង្ហាញ​ក្នុង​កម្មវត្ថុ​នៃ​ការ​រៀន​សូត្រ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ផ្ទាំង​ក្រហ្វិច​​នេះគឺ​ប្រើ​ប្រាស់​ភាសា Python ដែល​ធ្វើ​ដោយ​សិស្ស​កម្ម​សិក្សា​ម្នាក់ ហើយ​ចំណែក​ឯ​របស់​ដំណើរ​ការ​ខាង​ក្រោយ​ទាំង​អស់ គឺ​ធ្វើ​ដោយ​ខ្ញុំ​​ដោយ​ប្រើ​ប្រាស់ ភាសា C++ និង​បណ្ណាល័យ​ដែល​មាន​ស្រាប់​​មួយ​ចំនួន​ជា​ជំនួយ​ដូចជា OpenCV, LibSVM, និង LibLinear។

កម្ម​វិធី​នេះ អ្នក​អាច​សរសេរ​ពាក្យ​មួយ​​ដោយ​ដៃ ដែល​ពេល​នេះ​ប្រើ​បាន​តែ​ពាក្យ​ដែល​​ប្រើ​ប្រាស់​អក្សរ​ឡាតាំង និង​មាន​នៅ​ក្នុង​វចនានុក្រម​ដែល​ខ្ញុំ​បាន​កំណត់​ប៉ុណ្ណោះ ហើយ​ពាក្យ​នោះ​នឹង​ត្រូវ​ស្គាល់​ថា​ជា​ពាក្យ​អ្វី​ជា​អក្សរ​កុំព្យូទ័រ (Text) ដែល​មាន​ន័យ​ថា​កុំព្យូទ័រ​អាច​ស្គាល់​ពាក្យ​ដែល​អ្នក​សរសេរ​នោះ ដែល​នេះ​គេ​ហៅ​ថា Handwriting Recognition។ ជា​ការ​ពិត​ណាស់ បើ​ប្រៀប​ធៀប​ជាមួយ​មីក្រូសូហ្វ ឫ​ក៏​ក្រុម​ហ៊ុន​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ (អាច​ថា​ជាង​ដប់​ឆ្នាំ​ឡើង​លើ) គឺ​មិន​បាន​មួយ​ចំណិត​នឹង​គេ​ផង។ តែ​មិន​ជា​អ្វី​ទេ ព្រោះ​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ណាស់ ក្នុង​ការងារ​នេះ។ បើ​ប្រៀប​ធៀប​នឹង​គ្រូៗ ដែល​ខ្ញុំ​បាន​ស្គាល់ នឹង​ជា​អ្នក​មាន​បទ​ពិសោធ​ច្រើន គឺ​គាត់​មាន​បទ​ពិសោធ​លើ​ការងារ​នេះ​ស្មើ​នឹង​អាយុ​របស់​ខ្ញុំ​ទៅ​​ហើយ។

 
7 Comments

Posted by ​នៅ ខែ​ឧសភា 30, 2011 in ព័ត៌មានវិទ្យា, HWR

 

លុបឯកសារច្រើន​ក្នុងលីនុច

find . -name “filename”-exec rm -rf {} \;

 
Leave a comment

Posted by ​នៅ ខែ​ឧសភា 24, 2011 in ព័ត៌មានវិទ្យា

 

ចង់​តែ​អង្គុយ​យំ​ម្តង​កាត់​ចង្រៃ​ទេ

ទើប​តែ​ថ្ងៃ​ច័ន្ទ​សោះ មិន​ដឹង​យ៉ាង​មេច បាន​ជា​ខ្ញុំ​ដូច​ជា​អារម្មណ៍​មិន​ល្អ​សោះ។  មិន​មែន​គ្មាន​ហេតុ​ផល​ទេ គឺ​ពិបាក​ចិត្ត​រឿង​ការ​ងារ។ ណា​ត្រូវ​សរសេរ​របាយ​ការណ៍ ណា​លទ្ធផល​ការ​ងារ ដូចជា​មិន​ល្អ​សោះ។ ចង់​តែ​អង្គុយ​យំ​អោយ​ជ្រះ​ចង្រៃ​ម្ដង​ទេ។ មាន​អារម្មណ៏​ថា ដើរ​មក​ដល់​ផ្លូវ​ទ័ល​ហើយ មិន​ដឹង​នឹង​ត្រូវ​ធ្វើ​យ៉ាង​មេច​​ទៀត​ទេ? ជីវិត​លំបាក​យ៉ាង​នេះ មេច​ក៏​គេ​ចេះ​តែ​បន់​ស្រន់​អោយ​អាយុ​វែង?

 

សៀវភៅ​ទំនើប

សៀវភៅ​ទំនើប​នេះ គឺ​ជា​សៀវភៅ​ដែល​មិន​មែន​ជា​សៀវភៅ គឺ​មាន​ន័យ​ថា​មិន​មែន​ជា​សៀវភៅ​ធម្មតា​ទេ។ សៀវភៅ​ទំនើប​នេះ ខ្ញុំ​ឃើញ​គេ​ដាក់​នៅ​ក្នុង La Corderie Royale de rochefort សម្រាប់​អោយ​ភ្ញៀវ​ដែល​ទៅ​ទស្សនា​អាន​អំពី​ប្រវត្តិ​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​សារមន្ទីរ​នោះ។ សៀវភៅ​នេះ​មិន​មែន​ជា​ក្រដាស​ទេ​គឺ​ថ្ម តែ​យើង​អាច​បើក​មើល​ដូច​ជា​សៀវភៅ​ធម្ម​តា​អញ្ចឹង ដោយ​សារ​តែ​ការ​ប្រើ​បច្ចេកទេស​ទំនើប។ វា​ដូច​ជា​មិន​ពិបាក​ធ្វើ​ទេ បើ​សិន​ជា​សៀវភៅ​នេះ គេ​ប្រើ​ជា touchscreen monitor។ តែ​សៀវភៅ​ទំនើប​នេះ គេ​បែរ​រ​ជា​ប្រើ​ថ្ម​ដែល​ចាក់​ធម្មតា​ទៅ​វិញ ដែល​នាំ​អោយ​មាន​កា​​រ​លំបាក​ខ្លាំង​ក្នុង​ការ​បង្កើត​។ ខ្ញុំ​ក៏​គិត​ថា ហេតុ​អ្វី​ក៏​គេ​មិន​ធ្វើ touchscreen monitor ? នៅ​ក្នុង​សារមន្ទីរ​មួយ បើ​ទោះ​ជា​កន្លែង​បិទ​ជិត​ក៏​ដោយ តែ​ក៏​ជា​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន​ចូល​ទៅ​មើល​ជា​រឿង​រាល់​ថ្ងៃ ដែល​មាន​ទាំង​ក្មេង​ទាំង​ចាស់។ ដូច្នេះ​ហើយ ការដែល​ប្រើtouchscreen monitor អាច​នឹង​​ពិបាក​ថែ​រក្សា។ ម្យ៉ាង​ទៀត បច្ចេកទេស​ដែល​គេ​ប្រើ​ក្នុង​នោះ គឺ​គេ​អាច​ប្រើ​ក្នុង​បរិបទ​ច្រើន ហើយ​ការដែល​យក​មក​ធ្វើ​ជា​សៀវភៅ​នេះ វា​គ្រាន់​តែ​ជា​ការ​អនុវត្ត​មួយ​ប៉ុណ្ណោះ (Application) ។ ហើយ​អ្នក​ដែល​ស្រាវ​ជ្រៀវ​បច្ចេកទេស​ទាំងនោះ (ខ្ញុំ​និយាយ​ខាង​ក្រោម) ក៏​ចង់​យក​បច្ចេកទេស​នោះ​មក​អនុវត្ត​នឹង​បង្ហាញ​ថា​វា​អាច​ដំណើរ​ការ​បាន​មែន ហើយ​នឹង​មាន​ប្រយោជន៍​ច្រើន ក្នុង​ការ​ប្រើ​ប្រាស់​ផ្សេងៗ​គ្នា។

ខ្ញុំ​សូម​និយាយ​ពី​បច្ចេកទេស​ដែល​គេ​​អាច​ប្រើ​ក្នុង​ការ​ធ្វើ​សៀវភៅ​ទំនើប​នេះ។ ​នេះ​គ្រាន់​តែ​ជា​ការ​ស្មាន​របស់​ខ្ញុំ​ប៉ុណ្ណោះ ព្រោះ​ពេល​ឃើញ​អ្វី​មួយ ខ្ញុំ​ចូល​ចិត្ត​គិត​ថា គេ​អាច​នឹង​យក​អ្វី​មក​ធ្វើ​ខ្លះ ហើយ​វា​គ្រាន់​តែ​ជា​ការ​វិភាគ​បែប​រៀន​សូត្រ​តែ​ប៉ុណ្ណោះ។ ហើយ​ខ្ញុំ​ក៏​មិន​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​​ខាង​បច្ចេកទេស​ទាំង​នោះ​ដែរ។

សៀវភៅ​នេះ គេ​ប្រើ​​ស្លាយ (projector) បញ្ចាំង​នៅ​លើ​ផ្ទាំង​ថ្ម​ដែល​មាន​សណ្ឋាន​ជា​សៀវភៅ​។ ថ្ម​នោះ​​មិន​សំ​ខាន់​ទេ ប្រើ​អ្វី​ក៏​បាន​ដែរ​ ហើយ​ការ​ដែល​ធ្វើ​រាង​ជា​សៀវភៅ​នេះ វា​ជា​សិល្បៈ​មួយ​ដែល​ធ្វើ​អោយ​កាត់​តែ​ដូច។ រួច​គេ​មាន​កាំម៉េរ៉ា​មួយ​ទៀត​ដើម្បី​ចាប់​យក់​ដៃ ឫ​ក៏​អ្វី​ផ្សេងទៀត ដែល​នឹង​ចូល​មក​ក្នុង​តំបន់​នោះ (zone)។ តែ​ខ្ញុំ​មិន​បាន​សាក​ល្បង​យក​វត្ថុ​ផ្សេង​ទៀត ដូច​ជា​ចង្កឹះ​ជាដើម យក​ទៅ​សាក​ល្បង​ទេ ព្រោះ​អត់​មាន​ ហើយ​ក៏​មិន​មាន​ពេល​វេលា​ច្រើន​ដែរ។ ហើយ​ក៏​គួរ​អោយ​ស្ដាយ ខ្ញុំ​​មិន​បាយ​ប្រើ​ដៃ​ក្នុង​របៀប​ផ្សេងៗ​គ្នា​ក្នុង​ការ​បើក ឫ​ក៏​ចង្អុល​ទៅ​ក្នុង​សៀវភៅ​នោះ​ទេ​(មើល​រូប​ខាង​ក្រោម​) ព្រោះ​ពេល​នោះ​នឹក​មិន​ឃើញ។

ទីមួយ : កា​ធ្វើ​ចលនា (animation) ខ្ញុំ​សុំ​មិន​និយាយ​​ច្រើន​ទេ គឺ​វា​ដូច​ជា​​ការ​ធ្វើ slide show ឫក៏ image viewer ដោយ​ប្រើ flash ជាដើម​។ល។

ទីពីរ : តើ​ធ្វើ​យ៉ាង​​ដូចម្ដេច​ ទើប​ដឹង​ថា​មាន​ការ​ចង្អុល ឫ​ការ​បើក​សៀវភៅ​។ បើ​តាម​ការ​ស្មាន​របស់​ខ្ញុំ​គេ​ត្រូវ​ប្រើ​បច្ចេកទេស movement detection ដើម្បី​អោយ​ដឹង​ថា តើ​មាន​របស់​អ្វី​ដែល​ចូល​មក​ក្នុង​តំបន់​នោះ​ឫ​អត់? មក​ដល់​ត្រឹម​នេះ​ ក៏​មិន​ទាន់​លំបាក​​ខ្លាំង​​ដែរ។ តែ តើ​ធ្វើ​យ៉ាង​មេច​ទើប​គេ​អាច​ដឹង​ថា យើង​​កំពុង​តែ​ចង្អុល ឫ​ក៏​កំពុង​តែ​បើក​សៀវភៅ?  ឫ​ក៏​ប្រហែល​ជា​យើង​ចង់​ធ្វើ​អ្វី​ផ្សេង​ទៀត?ហើយ​នៅ​ពេល​ដែល​កំពុង​តែ​បើក​សៀវភៅ​នេះ ខ្ញុំ​អាច​ឈប់​ដៃ នោះ​សន្លឹក​ដែល​កំពុង​តែ​បើក​នោះ​ក៏​ឈប់​ដែរ។ ត្រង់​ចំណុច​នេះ គេ​ប្រហែល​ជា​ត្រូវ​ប្រើ gesture recognition។ ហើយ​ត្រង់​ចំណុច​នេះ​ហើយ ដែល​ខ្ញុំ​គិត​ថា​លំបាក ហើយ​ដែល​ខ្ញុំ​ហៅ​ថា​សៀវភៅ​ទំនើប​នោះ។

សៀវភៅ​ទំនើប។ ស្លា​នៅ​ខាង​លើ បញ្ចាំង​ទិន្នន័យ​ទៅ​លើ​ថ្ម ហើយ​បើ​តាម​ការ​ស្មាន មាន​កាំម៉េរ៉ា​នៅ​ខាង​លើ​ដែរ

ចង្អុល​ដើម្បី​ពង្រីក​មើល​តំបន់​ណា​មួយ

បើក​សៀវភៅ​មើល​ដូច​បើក​សៀវភៅ​ក្រដាស​ចឹង​ដែរ

តើ​បច្ចេកទេស movement detection និងgesture recognition នេះ​យើង​អាច​យក​ទៅ​ធ្វើ​អ្វី​បាន​ខ្លះ? ខ្ញុំ​អាច​អោយ​ឧទាហរណ៏​​ខ្លះ​ៗ​​ដូចជា​ការ​ប្រើ​ប្រាស់​ក្នុង camera security ដែល​អាច​មាន​សមត្ថភាព​​ចាំ​មើល​តំបន់​មួយ។ តែ​ camera security មួយ​ចំនួន​គឺ​អាច​បាន​ត្រឹម​តែ​ចាប់​យក​ថា​តើ​មាន​អ្វី​ចូល​មក​តំបន់​នោះ​ឫ​អត់ ហើយ​មិន​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​បែង​ចែក​ថា​តើ​នោះ​ជា​អ្វី? មនុស្ស​ឫ​សត្វ ហើយ​កំពុង​ធ្វើ​អ្វី​នោះ​ទេ។ camera security បែប​នេះ អាច​ចាំ​មើល​តែ​តំបន់​ណា​មួយ នៅ​ពេល​វេលា​ណា​មួយ​ដែល​យើង​គិត​ថា​ធម្ម​តា​មិន​មាន​មនុស្ស​ចូល​មក​ទេ ហើយ​បើ​មាន​អ្វី​ចូល​មក​នោះ ឫ​ក៏​មាន​អ្វី​ដែល​មាន​ចលនា​នោះ គឺ​ជា​ភាព​មិន​ប្រក្រតី ហើយ​ត្រូវ​ប្រកាស​អាសន្ន​​តែ​ម្តង។ បើ​សិន​ជា​យើង​ចង់​បង្កើត camera security​ ដាក់​ក្នុង​ផ្ទះ​ ចាំ​មើល​មនុស្ស​ចាស់​ដែល​នៅ​ផ្ទះ​ម្នាក់​ឯង​ ហើយ​ចង់​អោយ​កាំម៉េរា​នោះ​មាន​សមត្ថភាព​អាច​ដឹង​ថា ពេល​ដែល​មនុស្ស​ចាស់​នោះ​ដួល​ ត្រូវ​ប្រកាស​អាសន្ន នេះ​ជា​ការ​លំបាក។ ព្រោះ​អ្វី​ដែល​លំបាក​នោះ​ ធ្វើ​មេច​អោយ​​មាស៊ីន​ដឹង​ថា គាត់​ដួល ឫក៏​គាត់​អោន​រើស​អ្វី​មួយ ឫក៏​គាត់​​អង្គុយ ឫ​ក៏​គាត់​ដាក់​ខ្លួន​សំរាន? ចំណុច​នេះ​ហើយ​ដែល​ជា​ការ​លំបាក​នោះ ហើយ​ក៏​ប្រហែល​ជា​ត្រូវ​ការ  gesture recognition  នេះ​ដែរ។ មួយ​វិញ​ទៀត បើ​យើង​ចង់​​ធ្វើ​កាំ​ម៉េរា​ក្នុង​​ក្រុង​មួយ ដែល​មាន​សមត្ថភាព​ប្រកាស​អាសន្ន​ពេល​ដែល​មាន​ចោរ​ឆក់ ចោរ​លួច ចោរ​ប្លន់ ភ្លើង​ឆេះ ។ល។ នេះ​វា​រឹតតែ​លំបាក ហើយ​​វា​​គ្រាន់​តែ​ជា​ការ​​អោយ​ឧទាហរណ​ប៉ុណ្ណោះ។

 

យាន​ជំនិះ​គ្មាន​អ្នក​បើកបរ

ការ​បង្កើត​​យាន​ជំនិះ​ដែល​គ្មាន​អ្នក​បើកបរ​ ជា​ការ​ស្រមើល​ស្រមៃ​របស់​អ្នក​ស្រាវ​ជ្រាវ​នៅ​ជុំ​វិញ​ពិភព​លោក។ ទោះ​យ៉ាង​ណា​ក៏​ដោយ កា​ស្រមើល​ស្រមៃ​មួយ​នេះ​ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ការ​សរសេរ​ពី​គំនិត​នៅ​លើ​ក្រដាស ការ​ធ្វើ​ការ​បង្ហាញ​ដោយ​ប្រើ Simulator  វា​ជា​ការ​ងាយ​ស្រួល តែ​ការ​អនុវត្ត​ជាក់ស្ដែង ទើប​ជា​ការ​លំបាក។ អ្វី​ដែល​ខ្ញុំ​គិត ការ​លំបាក​ជាង​គេ​ក្នុង​ការ​ធ្វើ​យាន​ជំនិះ​របៀប​នេះ គឺ​ការ​ដែល​ធ្វើ​អោយ​ម៉ាស៊ីន​របស់​យាន​នោះ មាន​លទ្ធិ​ភាព​ចាប់​យក​ឧបសគ្គ​ទាំង​ឡាយ នៅ​លើ​ដង​ផ្លូវ ដូចជា: តើ​មាន​យាន​ផ្សេងៗ​នៅ​ខាង​មុខ​ឫ​ទេ? បើ​មាន​តើ​នៅ​ចម្ងាយ​ប៉ុន្មាន? ….? តើ​មាន​មនុស្ស​នៅ​ខាង​មុខ​ឫ​ទេ? … ហើយ​អ្វី​ដែល​ពិបាក​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ធ្វើ​អោយ​ម៉ាស៊ីន​គ្រប់​គ្រង​យានជំនិះ​នោះ មាន​សមត្ថភាព​ស្វែង​យល់​ភ្លាមៗ និង​រក​​ដំណោះ​ស្រាយ​ភ្លាម (reflection) អោយ​ដូច​មនុស្ស ទើប​អាច​អោយ​រថយន្ត​ទាំ​ង​នេះ​បើក​បរ​ឡើ​ផ្លូវ​សាធារណៈ​ដូច​រថយន្ត​ធម្ម​តា​ បាន។

សហភាព​អ៊ឺរ៉ុប​​ បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា CityMobil ដើម្បី ​បង្កើត​​យាន្ត​ជំនិះ​ក្នុង​ក្រុង​ដែល​អាច​ដើរ​ដោយ​គ្មាន​អ្នក​បើកបរ ដែល​មាន​ដូចជា​ឡាន​ក្រុង រថយន្ត​បើកបរ​បាន​ដោយ​ខ្លួន​ឯង​ក្នុង​ក្រុង ដើម្បី​ដោះស្រាយ​បញ្ហានានា ដែល​តែង​តែ​កើត​ឡើង​នៅ​ក្នុង​ក្រុង ក៏​ដូចជា​បង្កើន​សុវត្ថិភាព​​នៃ​ការ​បើកបរ​ក្នុង​ក្រុង​ផង​ដែរ។

ថ្ងៃ​ នេះ នៅ​ឡារ៉ូឆែល ក៏​បាន​ដាក់​ដំណើរ​ការ​សាក​ល្បង​រថយន្ត​ខ្នាត​តូច​ដែល​គ្មាន​អ្នក​បើកបរ​ ចាប់​ពី​ថ្ងៃ​នេះ (ថ្ងៃទី ១២ ខែ​ឧសភា 2011) រហូត​ដល់​ពាក់​​កណ្ដាល​ខែ​មិថុនា​។ កន្លង​មក​កម្មវិធី​របស់ CityMobil ក៏​បាន​ដាក់​សាក​ល្បង​រួច​មក​ហើយ​បច្ចេកទេស​របស់​ខ្លួន​ដូច​ជា​នៅ ប្រទេស​អង់គ្លេស អេស្ប៉ាញ៉ុល អ៊ីតាលី ជាដើម។ល។ តែ​ការ​សាក​ល្បង​ទាំង​នោះ គឺ​មិន​បាន​ដាក់​អោយ​រត់​លើ​ផ្លូវ​ធម្ម​តា​នោះ​ទេ តែ​ជា​ផ្ឡូវ​សំរាប់​​តែ​យាន​នេះ​តែប៉ុណ្ណោះ។ ដោយ​ឡែក ការ​សាកល​ល្បង​នៅ​ឡារ៉ូ​ឆែល​លើក​នេះ គេ​ដាក់​អោយ​ដំណើរ​ការ​​ផ្លូវ​ធម្មតា ប៉ុន្តែ​មិន​អ៊ូអរ​ទេ។ កំណាត់​ផ្លូវ​ដែល​គេ​សាក​ល្បង​នោះ គឺ​​ជា​ផ្លូវ​ថ្មើរ​ជើង​តែ​ប៉ុណ្ណោះ មាន​ន័យ​ថា​នឹង​មិន​មាន​យាន​ជំនិះ​ផ្សេង​ទៀត​បើកបរ​តាម​បណ្ដោយ​ផ្លូវ​នោះ​ឡើយ គឺ​មាន​ត្រឹម​តែ​រថយន្ត​​ឆ្លង​កាត់​​ត្រង់​ផ្លូវ​បែក​ជា​បួន​ប៉ុណ្ណោះ។ ហើយ​នៅ​គ្រប់​ចំណុច​ដែល​មាន​រថយន្ត​ឆ្លង​កាត់ គេ​ត្រូវ​ដាក់​ស្លាក​សញ្ញា​ឈប់ ដើម្បី​អោយ​រថយន្ត​នោះ​ឈប់​ឫ​មើល​ថា​តើ​មាន​រថយន្ត​គ្មាន​អ្នក​បើក​បរ​នោះ​ឆ្លង​មក​ឫ​អត់។​ ដូច្នេះ រថយន្ត​ដែល​ដាក់​សាក​ល្បង​នេះ មិន​ទាន់​មាន​សមត្ថភាព មើល​ឧបសគ្គ​ដោយ​ខ្លួន​ឯង​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ ក៏​សុំ​អបអរ​សាទរ​​កម្ម​វិធី​នេះ​ដែរ ដែល​ការ​ស្រាវ​ជ្រាវ​កំពុង​តែ​ចេញ​រូប​រាង​បន្តិច​ម្តងៗ​ហើយ។ ចាំ​មើល​ល្ងាច​នេះ នឹង​សាក​ទៅ​ជិះ​មើល​សិន ហិហិហិហិ

រថយន្ត​ដែល​នឹង​ដាក់​សាក​ល្បង។ ខ្ញុំ​ថត​កាល​ពី​ថ្ងៃ​ទី ១១ ឧសភា មួយថ្ងៃ​មុន​ការ​ដាក់​សាកល្បង

ផ្លូវ​របស់​ឡាន​ដែល​គ្មាន​​អ្នក​បើក​ដែល​នឹង​សាក​ល្បង

(http://imara.inria.fr/projects/citymobil/201006demonstrationlarochelle)

 
 
តាមដាន

Get every new post delivered to your Inbox.

Join 41 other followers