ទើបតែទទួលបានអ៊ីមែលមុននេះថា យប់នេះ (ថ្ងៃ 15 ធ្នូ 2011) នឹងមានព្យុះឈ្មោះ “Joachim” គ្របដណ្ដប់លើស្រុកបារាំង និងជាពិសេសតំបន់ខ្ញុំរស់នៅ។ កម្លាំងខ្យល់អាចមានមានទំហំតួចជាងព្យុះឆ្នាំ 1999 ដែលបានសម្លាប់មនុស្សប្រមាណ ៥០នាក់ និងប្រហាក់ប្រហែលនឹងឆ្នាំ 2010 (Xynthia) ដែលបានសម្លាប់មនុស្សប្រមាណ 80នាក់។
បណ្ណសារប្រចាំថ្ងៃ៖ ខែធ្នូ 15, 2011
រៀនធ្វើ Couscous
ស្គុសស្គុសនេះ ជាអាហារមកពីតំបន់អាហ្វ្រិកខាងជើង(អាល់ហ្សេរី ម៉ារ៉ុក និង ទុយនេស៊ី) ដែលអាចចាត់ជាអាហារគ្រួសារ។ នៅទុយនេស៊ី គេញ៉ាំស្គុសស្គុស ជាទូទៅនៅចុងអាទិត្យ។
និយាយពីស្គុសស្គុសនេះ ខ្ញុំមានអនុស្សាវរីយ៏ដ៏គួរអោយខ្មាសគេ និងគួរអោយចង់សើចណាស់ដែរ។ និយាយទៅវាអាហារទីមួយដែលខ្ញុំញ៉ាំនៅស្រុកបារាំង។ កាលនោះ ទៅដល់កង់ទីន(អាហារដ្ឋាននៅសាលា)ភ្លាម ក្រឡេកខ្វាច់ ឃើញស្គុសស្គុសស្មានតែបាយ ក៏ហៅញ៉ាំ ជាមួយមិត្តភក្តិម្នាក់ទៀតដែលមករៀនជាមួយគ្នា។ នៅស្រុកនេះគេមាន កាំបិតមួយ សមមួយ និងកូនស្លាបព្រាកាហ្វេមួយ(ដែលប្រើសម្រាប់ញ៉ាំបង្អែម)។ តាមទម្លាប់ គេអត់ប្រើស្លាបព្រាដូចស្រុកយើងទេ គឺគេប្រើសម(ដៃឆ្វេង)និងកាំបិត(ដៃស្តាំ)ញ៉ាំអាហារ។ ឯខ្ញុំទើបមកពីស្រែមានទៅដឹងអី កាន់ស្គុសស្គុសមកដល់តុបាយ យកស្លាបព្រាកាហ្វេមកដួសស្គុសស្គុសញ៉ាំ។ រួចនិយាយគ្នាជាមួយមិត្តភក្តិថា “ងាប់ហើយ ស្រុកបារាំងណឹងប្រើស្លាបព្រាបបាយអីក៏តូចៗម្លេះ? ឯបាយគេ អីក៏ដូចចុងអង្ករ! អង្ករស្រុកបារាំង អន់អីក៏អន់យ៉ាងនេះ ចឹងតើបានពួកណឹងអត់ញ៉ាំបាយ!”។ ឯជុំវិញខ្លួន អ្នកផ្សេង ចេះតែមើលពីចុងជើង ដល់ចុងសក់ ព្រោះអីខុសគេ ហេសហេ។
និយាយពីឥឡូវវិញ ស្គុសស្គុស ជាអាហារដែលខ្ញុំចូលចិត្តមួយនៅស្រុកនេះ ហើយក៏ឧស្សាទៅញ៉ាំដែរ។ ហើយកាលពីអាទិត្យមុន ខ្ញុំបានទៅរៀនធ្វើ ស្គុសស្គុស (Couscous) ជាមួយមិត្តភក្តិដែលជាជនជាតិទុយនេស៊ី ព្រោះប៉ាម៉ាក់គេទើបតែផ្ញើគ្រឿងគ្រៅមកដល់ (ហេងដល់ខ្ញុំដែរ
)។







