ប៉ុន្មានថ្ងៃនេះ វើដប្រេសហាក់ដូចជាមានប្រជាប្រិយឡើងវិញ ប្រហែលដោយសារតែមានប្រធានបទគួរអោយចាប់អារម្មណ៍ហើយមើលទៅ ដែលក្នុងនោះខ្ញុំក៏បានចូលរួមជាពាក្យសំដីជាច្រើន រហូតដល់មានអ្នកយកពាក្យសំដីខ្ញុំទៅសរសេរអត្ថបទថែមទៀត។ រឿងរ៉ាវគឺចាប់ផ្ដើមពីកាជជែកគ្នារឿង Window និង Linux ហើយរាលដាលរហូតដក់ប្រធានបទ ការលួចរបស់គេប្រើ។ តែដោយប្រើពាក្យលួចនេះដូចជាធ្ងន់ធ្ងរពេកនោះ ខ្ញុំក៏សុំប្រើពាក្យត្រឹមតែ “ប្រើដោយមិនគោរពកម្មសិទ្ធម្ចាស់ដើម“។
សុំចូលសាច់រឿង
ខ្ញុំព្យាយាមប្រាប់ទៅអ្នកដែលចូលចិត្តប្រើ និងចែកចាយរបស់គេដោយមិនគោរពសិទ្ធម្ចាស់នោះថា “ធ្វើអញ្ចឹងគឺខុសហើយ ហើយត្រូវទទួលថាខុស“។ តែវាពិតណាស់ មនុស្សមួយនគរប្រើតែរបស់មិនអស់លុយបែបណឹង រឿងអីយើងត្រូវទិញ? អ្វីដែលខ្ញុំនិយាយ មិនមែនមានន័យថាយើងគួរយើងគួរតែនាំគ្នាឈប់ប្រើរបស់ក្រេក រួចទៅនាំគ្នាទិញនោះទេ ព្រោះបើគិតពីលទ្ធភាពគឺមិនអាចទៅរួចឡើយ បើសូម្បីតែក្រុមហ៊ុនព័ត៌មានវិទ្យាមួយចំនួន នៅតែប្រើទាំងមិនគោរពសិទ្ធម្ចាស់ដើមផងនោះ។ ខ្ញុំនិយាយបែបណឹង ក៏មិនមែនមានន័យថា ខ្ញុំមិនដែលប្រើរបស់លួចទាំងនោះ ហើយទៅមុខទៀត ខ្ញុំនឹងមិនប្រើនោះដែរ។ តែខ្ញុំគ្រាន់តែព្យាយាមកាត់បន្ថយច្រើនបំផុតដែលខ្ញុំអាចធ្វើបាន ពោលគឺប្រឹងប្រែងបង្រៀនខ្លួនឯងបន្តិចម្តងៗអោយចេះគោរពកម្មសិទ្ធ និងគោរពច្បាប់កម្មសិទ្ធ ដែលទាំងនេះ គឺយើងត្រូវការដើម្បីរស់ជាមនុស្សម្នាក់ក្នុងសង្គមមួយ។ បើយើងប្រៀបធៀបក្នុងជីវិតប្រចាំថ្ងៃ ការដែលប្រើរបស់គេដោយមិនគោរពសិទ្ធម្ចាស់ដើម តើមានខុសអីពីអ្នកចម្រៀង និងផលិតកម្មចម្រៀងស្រុកខ្មែរចម្លងរបស់គេមកនោះ? ហើយបើពេលនេះ អ្នកដែលកំពុងតែរិះគន់ទង្វើបែបនេះ គួរតែងាកមកមើលខ្លួនឯងដែលកំពុងតែប្រើរបស់គេដោយមិនគោរពកម្មសិទ្ធម្ចាស់ដើម ហើយថែមទាំងស្រែកថាខ្លួនឯងត្រូវទៀតនោះ វាយ៉ាងណាទៅវិញ? ហើយបើងាកមកប្រៀបធៀបនឹងជីវិតប្រចាំថ្ងៃនោះ គឺមានទង្វើស្រដៀងគ្នានេះជាច្រើន ដែលម្នាក់ៗស្រែកថាស្អប់ណាស់ តែមើលមិនដឹងខ្លួនឯងកំពុងតែប្រព្រឹត្តដែរនោះទេ។
គួរតែបិទភ្នែកស្រមៃទៅមើល ថាខ្លួនចង់អោយប្រទេសខ្លួនក្លាយទៅជាប្រទេសបែបណា? នៅតែប្រើរបស់លួចគេបែបណឹងរហូតតទៅ? ជាប់ចំណាត់ថ្នាក់ខាងចម្លង ? មិនដែលស្គាល់ទេការគោរពកម្មសិទ្ធ។ សួរថាតើមានក្រុមហ៊ុនបរទេសខាងអាយធីប៉ុន្មាននឹងហ៊ានមកបោះទន់នៅស្រុកខ្មែរ? បើដាក់ការងារអោយធ្វើមិនទាន់នឹងបានលក់ផង ក៏ត្រូវបុគ្គលិកខ្លួនលួចកូដចេញទៅក្រៅបាត់ទៅហើយនោះ? បើខ្លួនជាអ្នកអាយធី បើនៅតែបន្តទង្វើបែបណឹង គឺមិនខុសពីបិទគម្របឆ្នាំងបាយខ្លួនឯងនោះទេ!
ខ្ញុំមិនចង់វែងឆ្ងាយនោះទេ តែបើមិនលើកមកគឺមិនកើត។ ប្រទេសមួយដ៏មហិមាក្នុងលោកនេះ (មិនបាច់បញ្ចេញឈ្មោះទេ) បែរជាក្នុងភ្នែកបរទេស ក្លាយជាប្រទេសមួយដែលគេពិបាកនឹងទុកចិត្ត ជាប់ចំណាត់ថ្នាក់ខាងចម្លង ដែលសូម្បីតែអ្នកកំប្លែងក៏យកមកនិយាយសើចលេង។ រហូតដល់មានការចាក់ផ្សាយតាមទូរទស្សន៍ថាប្រទេសខ្លួនគឺបែបនោះ តើសប្បាយចិត្តប៉ុណ្ណាទៅ? ផលិតផលថ្មីៗ គេមិនហ៊ាននាំយកទៅលក់ទេ ព្រោះខ្លាចត្រូវបានចម្លង ។ល។ និង ។ល។
សរុបមកវិញបើទោះជាយើងមិនអាចជៀសផុតនូវការប្រើរបស់ក្រេកក៏ដោយ ក៏យើងគួរតែនាំគ្នាខិតខំបណ្ដុះគំនិតក្នុងការគោរពកម្មសិទ្ធអ្នកដ៏ទៃនេះបន្តិចម្តងៗ ព្រោះគ្មានអ្វីដែលសំខាន់ជាងការបណ្ដុះគំនិតបង្កើតគុណតម្លៃខ្លួនឯងនោះទេ។ ធ្វើខុស ទោះជាអ្នកដទៃមិនដឹង ក៏ គួរតែខ្លួនឯងអាចដឹងថាខុសឫត្រូវបានដែរ។



