RSS

អង្ករខ្មែរលក់នៅផ្សារបារាំង

23 ធ្នូ

មិនមែនជារឿងប្លែកទេសំរាប់ជនជាតិផ្សេងៗជាពិសេសជនជាតិនៃប្រទេសជិតខាងយើងដូចជា វៀតណាម ថៃ ជាដើម នៅពេលដែលគេឃើញផលិតផលរបស់ប្រទេសគេត្រូវបានដាក់លក់នៅឯក្រៅប្រទេស។ តែសំរាប់ខ្ញុំ គ្រាន់តែឃើញផលិតផលរបស់ប្រទេសខ្លួនដាក់លក់នៅក្នុងផ្សារមួយរបស់ប្រទេសបារាំង ខ្ញុំក៏មានអារម្មណ៏សប្បាយចិត្តអំពីអ្វីម្យ៉ាង។

ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ ថាមាតុប្រទេសយើងគឹជាប្រទេសមួយដែលមានសមត្ថភាពផលិតអង្ករល្អ មានខ្លិនប្រហើរ ទន់ឆ្ងាញ់ ល្បីដល់ឯនាយសមុទ្រ។ តែអ្វីដែលប្លែកនោះ រយៈពេលជាងពីរឆ្នាំដែលខ្ញុំរស់នៅស្រុកគេនេះ ខ្ញុំមិនដែលឃើញមានផលិតផលខ្មែរណាមួយដាក់លក់ទេ ទាំងនៅផ្សារចិន(ផ្សារដែលលក់ផលិតផលអាស៊ី) ទាំងនៅផ្សារបារាំង។ នេះក៏ប្រហែលជានៅស្រុកដែលខ្ញុំកំពុងតែរស់នៅនេះ ជាស្រុកតូចមួយ ហើយមិនមានផលិតផលអាស៊ីសំបូរបែបដូចនៅឯប៉ារីស ​ឫក៏នៅឯក្រុងធំៗមួយចំនួនទៀតក៏ថាបាន។ តែផ្ទុយទៅវិញ ខ្ញុំឃើញមានផលិតផលផ្សេង  ទាំងធម្មជាតិត ទាំងកែឆ្នៃជាច្រើន ដែលនាំចូលពីប្រទេសថៃ វៀតណាម ជាដើម។ សូម្បីតែប្រហុកខ្មែរ ក៏ផលិតនៅប្រទេសវៀតណាមដែរ ដោយគ្រាន់តែដាក់ថាប្រហុកខ្មែរ​ តែផលិតនៅវៀតណាម។ កាលពីខ្ញុំទៅប៉ារីសប៉ុន្មានខែមុន ខ្ញុំឃើញផ្ទះមិត្តភក្តរបស់ខ្ញុំគេមានអង្ករមួយការ៉ុង ដែលដាក់ឈ្មោះថាអង្ករនាំចូលមកពីស្រុកខ្មែរយើង។ តែគួរអោយស្តាយ អង្ករនោះមិនឆ្ងាញ់ទេ ហើយមិត្តខ្ញុំ ក៏ស្តាយដែរ ដែលទិញអង្ករនោះ។

ល្ងាចមិញនេះ ខ្ញុំបានទៅផ្សារបារាំងមួយឈ្មោះ Champion។ ផ្សារនេះគេយកផលិតផលមួយចំនួនធំពីផ្សារធំមួយទៀតមកលក់គឺឈ្មោះ Carrefour។ ពេលដែលទិញរបស់ផ្សេងៗរួចហើយ ខ្ញុំក៏ដើរទៅរកទិញអង្ករថៃមួយកញ្ចប់ ព្រោះចង់ធ្វើបបរគ្រឿង។ ទៅដល់កន្លែងដាក់អង្ករ ខ្ញុំកំពុងតែពិនិត្យរកអង្ករថៃ ខ្ញុំក៏ប្រទះភ្នែកនឹងរូបអង្គរវត្ត ភ្លាមនោះ ខ្ញុំក៏ចាប់អារម្មណ៏អានអក្សរនៅលើសំបកកញ្ចប់ភ្លាម គឺអង្ករខ្មែរពិតៗ ខ្ញុំមិនច្រលំទេ។ ខ្ញុំក៏បែរជាសប្បាយចិត្ត ឈរញញឹមម្នាក់ឯងមួយសន្ទុះ រួចក៏យកអង្ករពីរកញ្ចប់មកដាក់ក្នុងរទេះអូសភ្លាម។

អង្ករមួយកញ្ចប់ទំងន់ ៥០០ ក្រាមតំលៃ ១អឺរ៉ូ៣០សេន។ គិតទៅគឺប្រហែលជា ១ដុល្លា៦០សេន។ បើប្រៀបធៀបនឹងតំលៃអង្ករប្រភេទល្អមួយរបស់នាំចូលពីប្រទេសថៃដែលខ្ញុំធ្លាប់ទិញនៅផ្សារចិន គឺថោកជាងរបស់គេបន្តិច។ បើខ្ញុំចែកទៅ អង្ករគេតំលៃ ១អឺរ៉ូ៥០សេន។ នេះក៏ប្រហែលជាមកពីផ្សារចិនតំបន់ខ្ញុំលក់របស់ថ្លៃក៏ថាបានដែរ។

សំបកកញ្ចប់មានការចនាបានយ៉ាងស្អាត ខ្ញុំចូលចិត្តទាំងពណ៌ទាំងរូបភាពដែលគេរចនា។ នៅពីមុខខាងលើ មានសរសេរអក្សរថា អង្ករខ្មែរ ដោយបញ្ជាក់បន្ថែមថា មានក្លិនក្រអូបបែបធម្មជាតិ។ នៅចំហៀងកញ្ចប់គេមានដាក់ផែនទីតំបន់មួយដោយគូរង្វង់បញ្ចាក់ទីតាំងប្រទេសខ្មែរ ដោយមានសរសេរអត្ថបទខ្លីមួយនៅខាងក្រោមផែនទីថា Carrefour (ឈ្មោះរបស់ផ្សារ) បានជ្រើសរើសអង្ករដែលមានគុណភាពល្អលើសគេ ផលិតនៅខេត្តបាត់តំបង ដែលស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជា។ អង្ករមានខ្លិនក្រអូបបរិសុទ្ធបែបធម្មជាតិ ដែលធ្វើអោយអាហាររបស់អ្នកាត់តែអស្ចារ្យថែមទៀត។

ខ្ញុំបានសាកល្បងរូចហើយ អង្ករនេះឆ្ងាញ់ ប្រហើរ សាកសមនឹងភាពល្បីល្បាយរបស់អង្ករខ្មែរ។ តែខ្ញុំថានៅស្រុកខ្មែរ នៅមានអង្ករដែលល្អជាងនេះ សំរាប់នាំចេញ។ ហើយខ្ញុំសង្ឃឹមថា អង្ករខ្មែរនឹងអាចនាំចេញបានច្រើនជាងនេះ ដើម្បីបង្កើនការងារក្នុងស្រុក។

Advertisements
 
 

12 responses to “អង្ករខ្មែរលក់នៅផ្សារបារាំង

  1. វឌ្ឍនា

    ខែធ្នូ 23, 2010 at 11:49 ល្ងាច

    ណា…ទីបំផុតមានមុខនៅផ្សារអន្តរជាតិហើយ!

     
  2. achharia

    ខែធ្នូ 24, 2010 at 12:38 ព្រឹក

    ចុះពួកការ៉ុងធំៗ ២៥ និង ៣0គីឡូមានឃើញលក់ហើយនៅ ។
    ខ្ញុំមានមោទនភាពជាមួយណាស់ ទោះថៅកែបរទេសក៏ដោយ
    អោយតែបានផលិតផលខ្មែរមានមុខនៅទីផ្សារក្រៅប្រទេស
    រហូតដល់អឺរ៉ុបបាន ។

     
  3. Long

    ខែធ្នូ 24, 2010 at 2:24 ព្រឹក

    មោទនភាពមែនដែលកើតជាកូនខ្មែរ ប្អូនក៍សប្បាយដែរ!

     
  4. lavorn (ឡាវ័ន​)

    ខែធ្នូ 24, 2010 at 6:46 ព្រឹក

    អាន​ដំ​បូង​មាន​អារម្មណ៍​ថា​អន់​ចិត្ត​និង​ឈឺ​ចិត្ត​ឆ្អិត​ទ្រូង​ពន់​ប្រ​មាណ​ត្បិត​យើង​ថា​មិត្ត​នោះ​ស្តាយ​ក្រោយ​ដែល​ទិញ​អង្ករ​ខ្មែរ​ដែល​អត់​ឆ្ងាញ់​ ហើយ​អាន​ដល់​ចុង​ក្រោយ​បុក​ពោះ​ភ័យ​តិច​អី​តិច​ ខ្លាច​យើង​ថា​ញ៉ាំ​​អង្ករ​ដែល​ទិញ​នោះ​ហើយ​មាន​អារម្មណ៍​ថា​អត់​ឆ្ងាញ់​។ តែ​​ហេង​វិន​ដែល​យើង​ថា​ឆ្ងាញ់​! ធូរ​ទ្រូង​ខ្ញាក​!! ….

     
  5. lavorn (ឡាវ័ន​)

    ខែធ្នូ 24, 2010 at 6:52 ព្រឹក

    តែ​ចំ​ពោះ​នៅ​កូរ៉េ​វិញ​ អ្នក​គ្រូ​ខ្ញុំ​ដែល​ធ្លាប់​ទៅ​លេង​ស្រុក​ខ្មែរ​ប្រាប់​ថា​អង្ករ​ខ្មែរ​ឬ​អង្ករ​នៅ​ប៉ែក​ខាង​យើង​នោះ​ ទន់​ៗ​ហើយ​វែង​ៗ​ល្អ​មើល​ណាស់​។​ អង្ករ​នៅ​កូរ៉េ​មូល​ៗ​ហើយ​រឹង​ៗ​។​ ពេល​ខ្លះ​ខ្ញុំ​ញ៉ាំ​ហើយ​មាន​អារម្មណ៍​ថា​ បាយ​នោះ​ដាំ​ស្ទើរ​ភ្ហើង​ ដូច​ឆៅ​តិច​ៗ​ ឬ​ខ្ញុំ​គិត​ថា​អង្ករ​នោះ​បែប​អង្ករ​ថោក​ឬ​អន់​ហើយ​។ តែ​តាម​ពិត​មិន​មែន​ទេ​ គឺ​អង្ករ​អ្នក​ស្រុក​នេះ​រឹង​ៗ​ចឹង​ម៉ង​ ហើយ​មិន​ចូល​ចិត្ត​អង្ករ​ទន់​ល្មើយ​ទេ​។ ដូច​នេះ​អង្ករ​ឆ្ងាញ់​ឬ​មិន​ឆ្ងាញ់​វា​អា​ស្រ័យ​លើ​ចំ​នង់​ចំ​នូល​ចិត្ត​មនុស្ស​ទេ​។

     
    • lavorn (ឡាវ័ន​)

      ខែធ្នូ 24, 2010 at 6:54 ព្រឹក

      អង្ករ​ទន់​ល្មើយ​ចង់​សំ​ដៅ​ថា​ អង្ករ​ដាំ​ហើយ​ ក្លាយ​ជា​បាយ​ដែល​ទន់​ល្មើយ​… 😀

       
  6. s3iLa

    ខែធ្នូ 27, 2010 at 9:35 ព្រឹក

    ឡូយបោះគេហា!

     
    • សុភា

      ខែធ្នូ 31, 2010 at 4:23 ល្ងាច

      មិនទាន់ឡូយទេ ព្រោះតិចណឹង។ អង្ករថៃ យួន គេលក់ច្រើនណាស់ណា

       
  7. មេឃា

    ខែធ្នូ 29, 2010 at 2:20 ព្រឹក

    អង្ករផ្កាម្លិះ មែនទេ !?
    នៅស្រុកបាត់ដំបង ពលរដ្ឋច្រើនលើកទឹកចិត្តថា អ្នកដែលមានអង្កផ្កាម្លិះហូប សុទ្ធតែជាអ្នកមាន… ចៃដន្យអី ខ្ញុំទិញហូបម៉ារដូវៗដែរ… នេះមិនមែនអួតថា ខ្លួនខ្ញុំជាអ្នកមានទេ…

    ប្អូនខ្ញុំទៅស្រុកបារាំងម្តងៗ ខំវេចតែអង្ករដំណើបទៅ ព្រោះគាត់ចូលចិត្ត… ចុះសុភា វេចអីទៅវិញ ?

     
  8. moeurnvanna

    ខែធ្នូ 30, 2010 at 5:11 ព្រឹក

    តែសំណាងល្អ ដែលខ្ញុំជាអ្នកស្រុកបាត់ដំបង ដូចនេះស្រូវប្រភេទអាអ្វីក៏ធ្លាប់បានភ្លក់រសជាតិដែរអត់តែស្រូវសាលី របស់បរទេសប៉ុននោះ។ តាមខ្ញុំដឹងមានរឿងជាច្រើនទាក់ទងនិងរឿងអង្ករខ្មែរទៅលក់នៅឯ បរទេសគឺអាចថាជាប់ ចំណាត់ថ្នាក់លើគេផង ។​ ប៉ុន្តែ ស្រូវខេត្តបាត់ដំបងស្ទើរតែ៩០% បាននាំចេញទៅ ប្រទេសថៃនិង ប្រទេសយួន។ ហើយក្នុងនោះ៤៥% បាននាំចេញដោយគ្មានបញ្ជីការត្រឹមត្រូវ នេះហើយជាមូលហេតុចំបងដែលយើងមិនសូវដឹង។ ដោយគេយកស្រូវរបស់ស្រុកយើង ហើយប្តូរទៅជាស្រូវរបស់គេវិញ តែដាក់ស្រូវឈ្មោះខេត្តបាត់ដំបង ហើយនាំចេញ ទៅលក់ឯបរទេស នេះពិតជាមិនសមដែលស្រូវស្រុខ្មែរបែរជាគេអ្នកនាំចេញ ហើយបានលទ្ធផលគេជាអ្នកនំាចេញបានច្រើនជាង ខ្មែរទៅវិញ។

     
    • សុភា

      ខែធ្នូ 31, 2010 at 4:28 ល្ងាច

      អង្ករនេះ គេនាំចេញដោយដាក់ឈ្មោះថារបស់ប្រទេសខ្មែរ។ រឿងក្រុមហុននាំចេញនោះ វាមិនជាបញ្ហាចោទទេ អោយតែគេទិញអង្ករនោះក្នុងតំលៃត្រឹមត្រូវ ហើយរដ្ឋាភិបាលគ្រប់គ្រងត្រឹមត្រូវ។ បើទោះជាក្រុហុនខ្មែរក៏ដោយ បើកេងប្រវ័ញប្រជាជន ក៏គង់តែផល់នោះ មិនបានលើប្រជាជនខ្មែរដែរ

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: